NEWS News & Events អាជីវកម្មហាងកាហ្វេរបស់និស្សិតន័រតុន

News & Events

អាជីវកម្មហាងកាហ្វេរបស់និស្សិតន័រតុន

Detail: Created OnThu, 01, November - 2018
សែម ធារ៉ា
និស្សិតជំនាញគ្រប់គ្រងពាណិជ្ជកម្ម

ខណៈពេល​កំពុង​សិក្សា ខ្ញុំ​ទទួលបាន​ចំណេះដឹង​ជាច្រើន​ពី​សាស្ត្រាចារ្យ​គ្រប់រូប​ពាក់ព័ន្ធ​នឹង​រឿង​អាជីវកម្ម​ជាហេតុ​នាំឱ្យ​ខ្ញុំ​ចាប់ផ្តើម​មានគំនិត​ចង់​បើក​អាជីវកម្ម​មួយ​ផ្ទាល់ខ្លួន។ ដោយ​មើលឃើញថា​បច្ចុប្បន្ន​ប្រទេស​កម្ពុជា​យើង​មានការ​រីកចម្រើន​យ៉ាងខ្លាំង​ក្នុង​វិស័យ​កាហ្វេ ទើប​ធ្វើឱ្យ​ខ្ញុំ​សម្រេចចិត្ត​ចាប់ផ្តើម​បើក អាជីវកម្ម​ហាង​កាហ្វេ City Plus Coffee រហូតមកដល់​ពេលនេះ​អាជីវកម្ម​របស់ខ្ញុំ​បាន​ដំណើរការ​ទៅមុខ​ដោយ​ជោគជ័យ​មួយកម្រិត​ហើយ។ អម​ជាមួយ​បទពិសោធន៍​ដែល​ខ្ញុំ​ធ្លាប់បាន​ទៅ​សិក្សា​ពី​របៀប​នៃ​ដំណើរការ​ហាង​កាហ្វេ​របស់​ពូ​ខ្ញុំ ខ្ញុំ​ក៏បាន​ស្គាល់​ពី​តម្រូវការ​របស់​អតិថិជន​ជាច្រើន មិន​ថា​រសជាតិ ឬ ក៏​ការ​រចនា​នៅក្នុង​ហាង​កាហ្វេ​នោះទេ។ មិនតែប៉ុណ្ណោះ ពេលទំនេរ​ខ្ញុំ​ចូលចិត្ត​ទៅ​ភ្លក់​កាហ្វេ​ពី​ហាង​ដទៃ​ជាច្រើន ដើម្បី​សិក្សា​បន្ថែម​ពី​រសជាតិ និង​របៀប​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អតិថិជន ដើម្បីឱ្យ​អាជីវកម្ម​កាន់តែ​រីកចម្រើន​ទៅមុខទៀត។ យ៉ាងណាមិញ​អំឡុង​ពេលដែល​ដំណើរការ​អាជីវកម្ម​ដំបូង ខ្ញុំ​បាន​ជួប​នូវ​ផលវិបាក​ជាច្រើន​ដោយសារតែ​ទីតាំង​ដែល​ខ្ញុំ​ជ្រើសរើស​បើក​អាជីវ​កម្មនេះ នៅ​ទល់មុខ​សាកលវិទ្យាល័យ​ន័​រ​តុ​ន ហើយ​អតិថិជន​គោលដៅ​របស់ខ្ញុំ​ភាគច្រើន​ជា​និស្សិត​ដែល​ពួកគាត់  នៅ​គិតពី​បរិមាណ​នៃ​កាហ្វេ​ដោយ​មិនបាន​គិតពី​គុណភាព។  មួយ​វិញ ទៀត​ការហ្វឹកហាត់​បង្រៀន​បុគ្គលិក​ឱ្យ​ចេះ​អត់ធ្មត់ និង​លើកទឹកចិត្ត​ឱ្យ​តស៊ូ​ជាមួយ​ការងារ ដូច​យើង​ធ្លាប់​ដឹង​ស្រាប់​ហើយ​ថា​ការបើក​អាជីវកម្ម​ដំបូង​មិនសូវមាន​អតិថិជន​ប៉ុន្មាន​ទេ។ ទោះជា​យ៉ាងណាក៏ដោយ​ខ្ញុំ​មាន​ផែន​ការបន្ត​ជាច្រើន​ទៀត សម្រាប់​អាជីវកម្ម​មួយ​នេះ ប្រសិន បើ​ហាង​កាហ្វេ​ដំណើរការ​កាន់តែ​ល្អ ខ្ញុំ​នឹង​រៀបចំ​ការ​រចនា​ក្នុង​ហាង និង​រិះរក​អ្វីដែល​ថ្មី​បន្ថែមទៀត ដើម្បី​បំពេញចិត្ត​អតិថិជន បើទោះបីជា​មានការ​ការ​រីកដុះដាល​ជាច្រើន​ពី​សំណាក់​ហាង​កាហ្វេ​ដទៃទៀត​ដែល​នៅក្បែរ​នេះ​ក៏ដោយ។ ខ្ញុំ​ជឿជាក់ថា​ហាង​កាហ្វេ​ខ្ញុំ​អាច​ប្រកួតប្រជែង​ជាមួយ​ហាង​កាហ្វេ​ដទៃទៀត​បាន​ទាំង​គុណភាព សេវាកម្ម និង​រសជាតិ។