ខណៈកម្ពុជាកំពុងទប់ទល់ទៅនឹងការឆ្លងរីករាលដាលនៃកូវីដ–១៩ ហើយឪពុកម្តាយភាគច្រើនទន្ទឹងរង់ចាំពេលបើកសាលារៀនឡើងវិញ លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានលើកឡើងពីលទ្ធភាពអាចបើកសាលារៀននៅទូទាំងប្រទេសលុះត្រាកម្ពុជា និងប្រទេសក្នុងតំបន់មានលក្ខណៈល្អប្រសើរនូវចំណុចធំៗមួយចំនួន។
ក្នុងកិច្ចសម្ភាសជាមួយនឹងទូរទស្សន៍ស៊ីអិនស៊ីកាលពីល្ងាចថ្ងៃទី៨ ខែឧសភា លោករដ្ឋមន្ត្រីបានលើកឡើងថា ថ្នាក់ដឹកនាំក្រសួងអប់រំកំពុងតាមដានជាប្រចាំ ហើយលទ្ធភាពអាចបើកសាលាឱ្យសិស្សចូលរៀនវិញបាន លុះត្រាស្ថានភាពឆ្លងរីករាលដាលនៃកូវីដ–១៩ អាចគ្រប់គ្រងបានទូទាំងពិភពលោក មានន័យថា បញ្ហានេះអាចគ្រប់គ្រងបានគ្រប់កន្លែង ហើយជាពិសេស នៅក្នុងតំបន់។ ក្នុងតំបន់មានប្រទេសវៀតណាម ថៃ និងប្រទេសឡាវជាដើម ព្រោះថាប្រទេសជិតខាងរមែងមានលំហូរ ប្រជាជនទៅវិញទៅមក ជាពិសេសពលករ។ ត្រូវពិនិត្យមើលស្ថានភាពប្រទេស ក្នុងតំបន់អាស៊ានទៅទៀត មានអាទិ៍ប្រទេសម៉ាឡេស៊ី សិង្ហបុរី តើប្រទេសទាំងអស់នោះអាចគ្រប់បានដែរឬទេ? ដូច្នេះបើប្រទេសទាំងអស់នោះ មិនទាន់អាចគ្រប់គ្រងបានកម្ពុជាក៏មិនទាន់អាចបើកសាលារៀនបានវិញដែរ។
លោកបានឱ្យដឹងទៀតថា ក្រសួងអប់រំ យុវជន និងកីឡា ធ្វើការងារ ដោយមានការទទួលខុសត្រូវខ្ពស់បំផុតជាមួយមាតាបិតាសិស្ស ចំពោះប្រទេសជាតិ ក្នុងការធានាសុវត្ថិភាពរបស់សិស្ស។ លោកបានរម្លឹកឡើងវិញ ករណីបិទសាលានៅខេត្តសៀមរាប គឺជាវិធានការមួយឆ្លើយតបទាន់ពេលបំផុត ហើយផ្ទុយទៅវិញបើមិនមានការបិទសាលារៀនទាន់ពេលទេ ម្ល៉េះនឹងអាចមានការឆ្លងទៅសិស្ស ហើយសិស្សនឹងចម្លងទៅគ្រូ និងឪពុកម្ដាយ ពេលនោះហើយការឆ្លងក្នុងសហគមន៍កម្រិតធំនឹងអាចកើតមាន។
“អញ្ចឹងប្រទេសមួយចំនួន ដែលឆ្លងធំហ្នឹងគឺឆ្លងចឹង គាត់យល់ថា អត់ឈឺផង ប៉ុន្តែឈឺហ្នឹងអត់អី អត់បិទសាលាគឺពេលហ្នឹងហើយគឺជាដំណាក់កាលចម្លងដោយមិនដឹងខ្លួន ពិសេសគ្រប់គ្រួសារសុទ្ធតែមានកូនទៅរៀន។ ដូច្នេះបើយើងមិនយកចិត្តទុកដាក់ហ្នឹងកន្លែងនេះគឺជាកន្លែងដែលអាចចម្លងទៅបាន។ឪពុកម្ដាយត្រូវយកចិត្តទុកដាក់ចំពោះកូន ហើយក្រសួងអប់រំក៏ត្រូវយកចិត្តទុកដាក់ដែរ។ សហរដ្ឋអាមេរិកបានមើលឃើញថា កូវីដ–១៩ មានទំហំធំជាងសង្គ្រាមលោកលើកទី២ទៅទៀត។ចំពោះពិភពលោកអត់ដឹងយ៉ាងម៉េចទេ។ដូច្នេះហើយបានក្រសួងត្រូវប្រយ័ត្នប្រយែង ហើយត្រូវពិចារណាគ្រប់ជ្រុងជ្រោយ ហើយបើសិនបើកសាលាក្តីក៏ត្រូវគោរពតាមស្តង់ដាមួយគឺគម្លាតសង្គម”។
លោកបានបន្ថែមទៀតថា ករណីបើកសាលាគឺក្រសួងអប់រំយុវជន និងកីឡា ត្រូវធ្វើការវាយតម្លៃសិស្សថា តើការរៀនតាមប្រព័ន្ធអនឡាញមានសមត្ថភាព និងចំណេះយ៉ាងដូចម្ដេច? ហើយជាពិសេស គឺសិស្សដែលត្រូវប្រលង។ ដូច្នេះតើក្រសួងត្រូវផ្ដល់ពេលវេលារៀនបន្ថែមប៉ុន្មានខែទៀត ដើម្បីអាចប្រលងបាន។
“ដូច្នេះក្រសួងនឹងធ្វើការវាយតម្លៃ ដោយផ្ដោតលើកម្រិតសមត្ថភាពរបស់សិស្ស ដែលគាត់រៀនអនឡាញខ្លួនឯងហ្នឹង ហើយនៅពេលចូលមកវិញគឺត្រូវឱ្យគ្រូវាយតម្លៃហើយ ដូចសិស្សថ្នាក់ទី១២ និងទី៩ ហើយបន្ទាប់មកយើងត្រូវកំណត់ពេល តើគាត់ត្រូវរៀនប៉ុន្មានទៀត ៣ ខែ ឬ៤ខែ នៅពេលនោះយើងនឹងដាក់ឱ្យមានការប្រលង។ ដូច្នេះក្រសួងត្រូវធ្វើការវាយតម្លៃជាប្រចាំថា ពេលណាទើបអាចបើកសាលាបាន ទាល់តែក្នុងតំបន់ហ្នឹងវាល្អ ហើយជាពិសេសទាល់តែមានសញ្ញាថា នឹងមិនមានការឆ្លងចូលសហគមន៍ទេ”។
បច្ចុប្បន្ននេះមានប្រទេស៩ ប៉ុណ្ណោះ ក្នុងចំណោមប្រទេសជិត២០០ ដែលបានបើកសាលា ហើយប្រទេស ៩ ដែលបានបើកនោះគឺក្នុងមួយបន្ទប់មានសិស្សតែ២០នាក់ទេ ដោយសិស្សត្រូវនៅឆ្ងាយពីគ្នាដល់ទៅ២ម៉ែត្រ និងមិនអាចប៉ះពាល់ជាមួយគ្រូ និងទំនាក់ទំនងជាមួយសិស្សដទៃទៀតឡើយ។នេះបើតាមលោករដ្ឋមន្ត្រី៕